នាថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៥ វេលាម៉ោង៨ៈ៣០ព្រឹក នៅអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា មានប្រារព្ធកិច្ចប្រជុំលើកទី៥ របស់យន្តការភាពជាដៃគូគយ-ផ្នែកឯកជនក្នុងគោលបំណងដោះស្រាយ នូវបញ្ហាប្រឈមនិងសំណូមពរនានារបស់វិស័យឯកជនពាក់ព័ន្ធនឹងកិច្ចការគយ សំដៅធានាប្រសិទ្ធភាព នៃការអនុវត្តគោលនយោបាយសម្រួល ពាណិជ្ជកម្មរបស់រាជរដ្ឋាភិបាលកម្ពុជា។

កិច្ចប្រជុំនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព សហប្រធាននៃយន្តការភាពជាដៃគូគយ-ផ្នែកឯកជន ឯកឧត្តមបណ្ខិត គុណ ញឹម​ អគ្គនាយកនៃ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និងអ្នកឧកញ៉ា                  គិត ម៉េង ប្រធានសភាពាណិជ្ជកម្ម ព្រមទាំងមានការចូលរួមពីសំណាក់សមាសភាពដឹកនាំនៃយន្តការនេះ មកពីស្ថាប័នគយនិងរដ្ឋាករកម្ពុជា និងផ្នែកឯកជនជាច្រើនទៀតរួមមាន សភាពាណិជ្ជកម្មកម្ពុជា សមាគមរោងចក្រកាត់ដេរនៅកម្ពុជា សមាគមសហគ្រាសខ្នាតតូច-មធ្យម សមាគមដឹកជញ្ជូនកម្ពុជា ក្លឹបធុរកិច្ចជប៉ុន ក្រុមហ៊ុននាំចេញ-នាំចេញ និងតំណាងដៃគូអភិវឌ្ឍអន្តរជាតិ ព្រមទាំងភ្ញៀវជាតិ និងអន្តរជាតិផងដែរ។

ថ្លែងក្នុងសុន្ទរកថាបើក ឯកឧត្តមបណ្ខិត គុណ ញឹម បានគូសបញ្ជាក់អំពីយន្តការនេះថា បាននិងកំពុងក្លាយ ជាវេទិការដ៏សំខាន់មួយសម្រាប់វិស័យឯកជនក្នុងការលើកយកបញ្ហា និងកង្វល់នានាពាក់ព័ន្ធ នឹងកិច្ចការគយមកពិគ្រោះ និងពិភាក្សាផ្លាស់ប្តូរយោបល់រវាងដៃគូពាក់ព័ន្ធឈានទៅជំរុញឲ្យមាន ការចូលរួមកាន់តែសកម្មរបស់វិស័យឯកជន ក្នុងការកែលម្អបរិយាកាសធុរកិច្ចនៅកម្ពុជា។

នាឱកាសនោះ តំណាងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានធ្វើបទបង្ហាញអំពីវឌ្ឍនភាព នៃកិច្ចដំណើរការយន្តការភាពជាដៃគូគយ-ផ្នែក​ឯកជន តាមរយះការរំលឹកឡើងវិញនូវសមិទ្ធផលនានា ដែលសម្រេចបានក្នុងកិច្ចប្រជុំរបស់យន្តការនេះ៤លើកកន្លងមក ដោយបានរួមគ្នាដោះស្រាយនូវបញ្ហា ពាក់ព័ន្ធនឹងគយបានមួយចំនួនធំព្រមទាំងបានចេញនូវបទញ្ញត្តិចាំបាច់នានាក្នុងការធ្វើសាមញ្ញកម្មនីតិវិធីគយ ដើម្បីបង្កលក្ខណះងាយស្រួលដល់វិនិយោគិន និងធុរជនពាក់ព័ន្ធបន្ថែមទៀត។

បន្ទាប់មកអង្គប្រជុំបានដំណើរការសិក្សា និងលើកឡើងនូវលទ្ធភាពដំណោះស្រាយ លើសំណើរដែល លើកឡើងដោយផ្នែកឯកជនចំនួន ៤៦បញ្ហា ជាពិសេសពាក់ព័ន្ធនឹងការជំរុញល្បឿននៃការបំពេញ បែបបទគយការផ្សព្វផ្សាយព័ត៍មានតាមគេហទំព័រ ការធ្វើវិមជ្ឈការការផ្ទៀងផ្ទាត់វិញ្ញាបនបត្រដើមកំណើត ទំនិញ ការបង្កើតកម្រៃផ្លូវការលើសេវាកម្មគយ ការអនុវត្តនីតិវិធីឆ្លងកាត់ ការអនុវត្តយន្តការធុរជន មានអនុលោមភាពខ្ពស់បំផុត និងការត្រួតពិនិត្យទំនិញរួមគ្នារវាងស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ ជាដើម។ ជាលទ្ធផលនៃកិច្ចពិភាក្សានេះ អង្គប្រជុំបានរកឃើញដំណោះស្រាយសមស្រប ប្រកបដោយយោគយល់គ្នា ខ្ពស់តាមបទប្បញ្ញត្តិជាធរមាននិងតាមការអនុវត្តល្អជាអន្តរជាតិ ដែលត្រូវអនុវត្តបន្តដើម្បីឈានទៅបង្ក ឲ្យមានបរិយាកាសធុរកិច្ចកាន់តែប្រសើរប្រកបដោយសមធម៍។

កិច្ចប្រជុំនេះបានបញ្ចប់នៅវេលាម៉ោង១២ៈ០០នាទី នៃថ្ងៃដដែលក្រោមបរិយាកាសការងារ និងប្រកប ដោយការទទួលខុសត្រូវខ្ពស់។