ពិធីប្រកាសបង្កើតនិងដាក់ឲ្យដំណើរការសាខាគយនិងរដ្ឋាករខេត្តមណ្ឌលគិរី នារសៀលថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៤ នៅសាលាខេត្តមណ្ឌលគិរីមានប្រារព្ធពិធីប្រកាសបង្កើតនិងដាក់ឲ្យដំណើរការសាខាគយនិងរដ្ឋាករ ខេត្តមណ្ឌលគិរី ក្រោមអធិបតីភាព ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលរងខេត្តមណ្ឌលគិរី និង បណ្ឌិត ប៉ែន សំអាត អគ្គនាយករងគយនិងរដ្ឋាករកម្ពុជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម បណ្ឌិត ប៉ែន ស៊ីម៉ន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកគយនិងរដ្ឋាករកម្ពុជា ព្រមទាំងមានការចូលរួមមន្រ្តីគយនិងរដ្ឋាករមូលដ្ឋានគ្រប់ជាន់ថ្នាក់ តំណាងអង្គភាពចំណុះខេត្តមណ្ឌលគិរី និងតំណាងភាគីគយវៀតណាមខេត្តជាប់ព្រំដែនផងដែរ។

Download this article in PDF file.

បន្ទាប់ពីពិធីប្រគល់ជាផ្លូវការនូវលិខិតបង្គាប់ការ និងត្រារួចមក លោក សំ សុវណ្ណរិទ្ធ ប្រធានស្តីទីសាខាគយនិងរដ្ឋាករខេត្តមណ្ឌលគិរី បានសម្តែងនូវការដឹងគុណដ៏ជ្រាលជ្រៅចំពោះឯកឧត្តមបណ្ឌិត អូន ព័ន្ធមុន្នីរ័ត្នរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងឯកឧត្តម បណ្ឌិត ប៉ែន ស៊ីម៉ន ដែលបានផ្តល់សេចក្តីទុកចិត្តដល់រូបលោក បានធ្វើការប្តេជ្ញាចិត្តអនុវត្តភារកិច្ចឲ្យមានប្រសិទ្ធភាពតាមបទប្បញ្ញត្តិជាធរមាន។

ក្នុងឱកាសថ្លែងមតិសំណេះសំណាល ឯកឧត្តមអភិបាលរងខេត្តមណ្ឌលគិរីបានធ្វើការវាយតម្លៃខ្ពស់ចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលបានបង្កើតនិងដាក់ឲ្យដំណើរការពេញលេញជាផ្លូវការនូវសាខាគយនិងរដ្ឋាករខេត្តមណ្ឌលគិរី និងបានអំពាវនាវដល់អង្គភាពមានសមត្ថកិច្ចពាក់ព័ន្ធរួមសហការជាមួយរដ្ឋបាលគយ ក្នុងការងារទប់ស្កាត់និងបង្រ្កាបអំពើរត់គេចពន្ធឲ្យមានប្រសិទ្ធភាពខ្ពស់។ ជាមួយគ្នានេះដែរលោកអគ្គនាយករងគយនិងរដ្ឋាករកម្ពុជាក៏បានមានមតិសំណេះសំណាលផងដែរដោយរំលេចនូវខ្លឹមសារមួយចំនួនដូចខាងក្រោម៖

ការលើកកម្ពស់អភិបាលកិច្ចល្អជាប្រចាំដោយផ្សារភ្ជាប់ស្មារតីសាមគ្គីភាពផ្ទៃក្នុងល្អនិងយកបទប្បញ្ញត្តិច្បាប់ជាស្នូល តាមអភិក្រម៤យ៉ាងរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា គឺ “ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល និងព្យាបាលជំងឺ”។ ការផ្សព្វផ្សាយអប់រំជាប្រចាំដល់វិស័យឯកជននិងបុគ្គលពាក់ព័ន្ធពីនីតិវិធីបែបបទគយ កាតព្វកិច្ចបង់ពន្ធអាករនាំចេញនាំចូល និងការទទួលខុសត្រូវពាក់ព័ន្ធនឹងអំពើរត់គេចពន្ធ។ ការស្រាវជ្រាវទប់ស្កាត់និងបង្រ្កាបបទល្មើសគយនានាក្នុងភូមិសាស្រ្តខេត្តតាមបទប្បញ្ញត្តិជាធរមាន ដែលជាឆ្អឹងខ្នងនៃការងារកៀរគរចំណូលគយនិងរដ្ឋាករ។ ការគ្រប់គ្រងទិន្នន័យ-ព័ត៌មានពាក់ព័ន្ធនឹងធុរជន មធ្យោបាយដឹកជញ្ជូន អាជីវកម្មដ្ឋាន/ភណ្ឌាគារស្តុកទំនិញ។ លើកកម្ពស់ប្រសិទ្ធភាពនៃកិច្ចសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចនិងអាជ្ញាធរដែនដីពាក់ព័ន្ធ និងសមភាគីគយប្រទេសជិតខាងតាមបទប្បញ្ញត្តិជាធរមាន។ ពិធីនេះត្រូវបានបញ្ចប់នៅវេលាម៉ោង ៥រសៀល ថ្ងៃដដែល ក្រោមបរិយាកាសការងារ និងការទទួលខុសត្រូវខ្ពស់។